ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងចំពោះករណីគំរាមកំហែងមួយ ដែលនិយាយពីការបង្ហោះវីដេអូ និង រូបភាពអាសអាភាសជាសាធារណៈរបស់ជនរងគ្រោះស្រីម្នាក់អាយុ ១៦ ឆ្នាំ។
ជាក់ស្ដែង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅវេលាម៉ោង ២០ និង ៣០ នាទី កងកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង នាយកដ្ឋានកណ្ដាលសន្តិសុខ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ,
ឧត្តមសេនីយ៍ត្រី កែវ ពិសិដ្ឋ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនការងារព្រហ្មទណ្ឌ និង ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ជាមួយនឹងអង្គភាពការពារកុមារ CPU
បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញាចំនួន ១ នាក់ឈ្មោះ នៅ ចិន្តា ភេទប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ នៅចំណុចហ្គារ៉ាសសាំង PTT ព្រែកអញ្ចាញ ភូមិចំបកមាស ឃុំចំបកចាស់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
អ្វីដែលចាប់អារម្មណ៍ខ្លាំង បុរសរូបនេះ មានមុខរបរជាកាន់កាមេរ៉ាភាពយន្ដ និង កាត់តវីដេអូ ដ៏មានសមត្ថភាព ព្រមទាំងជាអ្នកចម្រៀងមួយរូបទៀតផង។
យ៉ាងណាមិញ ជនល្មើសត្រូវបានគេស្គាល់ថាមានគណនីហ្វេសប៊ុកឈ្មោះ Hea Da នឹងបានទាក់ទងស្គាល់គ្នាព្រមទាំងបានលេងឆាតជាមួយគ្នាជនរងគ្រោះ បន្ទាប់មកម្ចាស់គណនីឈ្មោះ Hea Da
បានលួងលោមអោយជនរងគ្រោះថតវីដេអូអាសអាភាសផ្ញើឱ្យខ្លួន។ លុះមកដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ម្ចាស់គណនីនោះបានគំរាមឱ្យជនរងគ្រោះថតជាវីដេអូអាសអាភាសផ្ញើឱ្យខ្លួនមើលបន្តទៀត
ប៉ុន្តែត្រូវបានជនរងគ្រោះបានបដិសេធ ទើប Hea Da បានគំរាមជនរងគ្រោះជាបន្តបន្ទាប់ថា ៖ «បើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេ នឹងយកវីដេអូអាសអា-ភា-សរបស់ជនរងគ្រោះបង្ហោះជាសាធារណៈតែម្ដង»។
ដោយឡែក កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ សមត្ថកិច្ចក៏បានបង្ក្រាបជនស-ង្ស័-យខាងលើនាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕
ប្រភព និង រូបភាពដោយ ៖ Si Than