ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាសម្ដែងស្រីល្បីឈ្មោះ នី មុន្នីនាថ បានផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញតារាសម្ដែងស្រីរូបនេះបង្ហាញវីដេអូតុបតែងលាបខ្លួនសរ បិតសក់ដូចកោជុក ស្លៀកពាក់ឈុតគ្រងមកុដបុរាណយ៉ាងប្រណីត ប្លែកភ្នែកខ្លាំងកម្របានឃើញពីមុនមក។
ក្នុងវីដេអូនេះ នី មុន្នីនាថ ក៏បានរៀបរាប់ឱ្យដឹងថា ការតុបតែងក្នុងឈុតបុរាណដ៏ប្លែកនេះ ជាការតុបតែងជានារីគំនូរបុរាណ ដែលឈុត និង ការតែងខ្លួនបានដកស្រង់ចេញពីគំនូរបុរាណ ស្ថិតនៅលើជញ្ជាំងវត្តព្រះកែវមរកត នៃព្រះបរមរាជវាំង។
ក្នុងនោះ នី មុន្នីនាថ បានរៀបរាប់ថា ៖ «នារីគំនូរបុរាណ ឈុតដកស្រង់ចេញពីគំនូរបុរាណដែលស្ថិតនៅលើជញ្ជាំងវត្តព្រះកែវមរកត នៃព្រះបរមរាជវាំង ដោយប្រើប្រាស់គ្រឿងទាំងស្រង់នៃរូបគំនូរ។ ផាត់មុខបុរាណ លាបខ្លួនសរ និង ប្រើប្រាស់តិចនិច បិតសក់ឱ្យដូចកោជុកតាមបែបបុរាណ។ អរគុណដែលតុបតែងបានល្អ ឥខ្ចោះសម្រាប់ការងារមួយនេះ ដោយមានការជ្រោមជ្រែងខ្លាំងពី Skor Krob ម្ចាស់សម្លៀកបំពាក់ និង Run Harry ជាងផាត់មុខដែលខ្ញុំទុកចិត្តបំផុតក្នុងការផាត់មុខបែបបុរាណ តែចង់ប្រាប់ថាផាត់មុខ លាបខ្លួន ប្រហែល ៣ ម៉ោងជាង Khmer national costume Original from Khmer Royal Palace»។
ជាមួយនឹងការតុបតែងស្លៀកឈុតគំនូរបុរាណរបស់តារាស្រីរូបនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ចែករំលែកភ្ជាប់ជាមួយមតិសរសើរខ្លាំងពីរូបសម្រស់របស់នាងជាមួយនឹងការតែងតួដ៏ស្អាតប្លែកនេះដែរ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ ប្រជាប្រិយ