កាលពីពេលថ្មីៗនេះ រឿងរ៉ាវការស្លាប់របស់តារាស្រី Tangmo បានផ្ទុះឡើងម្តងទៀតហើយ បន្ទាប់ពីស្ងាត់អស់រយៈពេល ១ ឆ្នាំ ដោយសារតែម្តាយរបស់នាងបានជីកកកាយភស្តុតាងថ្មី ដើម្បីដាក់ពាក្យបណ្តឹងម្តងទៀតទៅលើជនជាប់ចោទទាំង ៦
ភស្តុតាងថ្មី ដែលម្តាយតារាស្រី Tangmo ប្រមូលបានមានចំនួន ២ រួមមាន រូបភាពដែលយកចេញពីកាមេរ៉ាសុវត្ថិភាពនៅពីមុខឡាន និង ឧបករណ៍ថតសំឡេងនៅក្នុងឡាន ដែល Tangmo បានបំពាក់វាកាលពីនៅរស់។
ដោយឡែក នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ម្តាយរបស់ Tangmo បានចូលខ្លួនផ្តល់បទសម្ភាសលើកញ្ចក់ទូរទស្សន៍មួយ ដើម្បីបង្ហាញរឿងខ្លះៗទាក់ទងនឹងភស្តុតាងថ្មីដែលប្រមូលបាន ពោលគឺ លោកស្រីបានទម្លាយថា បន្ទាប់ពីលោកស្រីបានស្តាប់សំឡេងចេញពីភស្តុតាងដែលប្រមូលបានហើយ លោកស្រីពិតជាសោកសៅណាស់ មិនគួរណាមិត្តដែល Tangmo ខំស្រឡាញ់បែរជាធ្វើបែបនេះដាក់នាងឡើយ។
មួយវិញទៀត លោកស្រីក៏បានបន្ថែមទៀតថា វាជាសំឡេងក្រោយកើតហេតុ ពោលគឺ មិនមានសំឡេងកូនលោកស្រីនៅក្នុងនោះឡើយ ព្រោះពេលនោះកូនលោកស្រីអាចនឹងធ្លាក់ទឹកស្លាប់ទៅហើយនាពេលនោះ៕