នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និង សញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី សរុបជិត ២ ពាន់នាក់។
ថ្លែងក្នុងកម្មវិធីខាងលើ សម្ដេចបានបញ្ជាឱ្យរដ្ឋបាលធានីភ្នំពេញ បញ្ចេញរថយន្ដរាប់រយគ្រឿងដើម្បីដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា ៖ «ដាក់ពង្រាយឡាន ដើម្បីកុំឱ្យឡានតាក់ស៊ី ឬក៏ឡានក្រុង មានការកើនឡើងថ្លៃ ដើម្បីដឹកប្រជាជនដើរលេងចូលឆ្នាំ អ្នកដែលអត់មានមធ្យោបាយ គឺធ្វើដំណើរតាមឡានទាំងនេះ»។
ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យឧបត្ថម្ភដល់អ្នកបើកបររថយន្ដ ខណៈឡានដែលត្រៀមនឹងបញ្ចេញសម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានប្រមាណ ៤០០ គ្រឿង៕